នារសៀលថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អមដំណើរដោយថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ គង់ ចាន់វាសនា វីរៈយុទ្ធជន ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ នៅតំបន់ជូរមុនខេត្តឧត្តរមានជ័យ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ២៨ឆ្នាំ។ក្នុងវេលាដ៏សែនក្រៀមក្រំនេះ លោកជំទាវ ប្រធាន សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសពចំពោះមរណភាព លោកអនុសេនីយ៍ទោ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។សពលោកអនុសេនីយ៍ទោ គង់ ចាន់វាសនាត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិកែងតាសុទ្ធ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មានរូបភាព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា